ថ្ងៃទី18 ខែ05 ឆ្នាំ2121
ទំនាក់ទំនងការផ្សាយ +855 011855857/

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ និងកែលម្អផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប
ថ្ងៃចេញផ្សាយ: 2020-11-30 14:02:51


នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលម្អផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប ខេត្តសៀមរាប។ 


ផ្លូវទាំង៣៨ខ្សែនេះ មានប្រវែងសរុប ១០៨.៧៤គីឡូ​ម៉ែត្រ ដោយ​គ្រោង​ប្រើប្រាស់​ថវិកាជាតិសរុបប្រមាណ ១៤០លានដុល្លារ​អាមេរិក និងថវិកា​​ជាង ៩លានដុល្លារអាមេរិកទៀត សម្រាប់​ការងារ​​ចាំបាច់​ក្នុងការរៀបចំ​​ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង​ និងទឹកកខ្វក់​​ដែលនៅក្រៅ​គម្រោង​សាងសង់​​​ខ្សែផ្លូវ​ទាំង​៣៨នេះ។ 


តាមរយៈគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែនេះ 

នឹងធ្វើឲ្យទីក្រុងសៀមរាប ប្រែក្លាយរូបរាងជាទីក្រុងទំនើប និងទេសចរណ៍​ ដ៏មាន​សក្តា​​នុពល ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជាកំណត់ជាតំបន់ស្នូលនៃប៉ូល​អភិ​វឌ្ឍ​ជាតិ ជា​គោលដៅ​ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្ត និងធម្មជាតិ ស្របតាមរូបសាស្ត្រទីក្រុង រួមជាមួយការគិតគូរ​ដល់ការពារ ​និងកែលម្អបរិស្ថាន ផាសុខភាពរបស់ប្រជាពលរដ្ឋ និងការរៀបចំ​​អភិវឌ្ឍ​ទីក្រុងឆ្លាតវៃ (Smart City)​ ផងដែរ។ ក្រោយពីបញ្ចប់ការសាងសង់ទៅ គម្រោងនេះនឹងដើរតួ​ជា​ហេដ្ឋា​រចនាសម្ព័ន្ធ​ប្រទាក់​ក្រឡា​គ្នា​ តភ្ជាប់​ទីប្រជុំជន​ ទៅជាយក្រុង និងតភ្ជាប់ទៅកាន់តំបន់ទេសចរណ៍សំខាន់ៗ និង​បណ្តាញ​ខ្សែផ្លូវជាតិនានា សំដៅកាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ក្នុងទីក្រុង ជំរុញ​កំណើន​ដឹកជញ្ជូន ទាក់ទាញ​វិនិយោគិន​ ធុរជន និងភ្ញៀវទេសចរ​ជាតិ​-អន្តរជាតិ ដែល​ជា​ការរួមចំណែក​ក្នុងការ​​ជំរុញ​កំណើន​​​សេដ្ឋកិច្ចជាតិឱ្យ​កាន់តែរីកចម្រើន នៅក្រោយ​វិបត្តិ​នៃ​ជំងឺកូវីដ-១៩។​


សម្តេចតេជោបានសម្តែងនូវក្តីរីករាយដែលបានអញ្ជើញមុខសម្ពោធបើកការដ្ឋាន និងកែលម្អផ្លូវចំនួន៣៨ខ្សែនៅពេលនេះ។ សម្តេចតេជោបានមានប្រសាសន៍ថា តាមគម្រោងកម្មវិធីបើការដ្ឋាននេះ នឹងត្រូវមានការចូលរួមមនុស្សជាង១ពាន់នាក់ តែដោយសារតែបញ្ហាការរីករាលដាលនៃជំងឺកូវី១៩ យើងត្រូវកាត់បន្ថយមនុស្សចូលរួមមកត្រឹម១០០នាក់តែប៉ុណ្ណោះ។ 


សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នេះគឺជាការរួមចំណែកយ៉ាងសំខាន់ក្នុងការកែលម្អប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសកម្ពុជា ជាពិសេសផ្ដោតសំខាន់ទៅលើប៉ូលសេដ្ឋកិច្ចសំខាន់បីរបស់ប្រទេសកម្ពុជា គឺក្រុងសៀមរាបអង្គរ ដែលជាដែនដីទេសចរណ៍ដ៏មានមានសក្តានុពលរបស់កម្ពុជា។ សម្តេចតេជោបន្តថា កម្ពុជាមានប៉ូលសេដ្ឋកិច្ច៣សំខាន់ សម្រាប់ជំរុញសេដ្ឋកិច្ចជាតិ ដែលទី១ គឺប៉ូលសេដ្ឋកិច្ចទីក្រុងភ្នំពេញ ទី២គឺប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុ និងទី៣ គឺប៉ូលសេដ្ឋកិច្ច នៃខេត្តសៀមរាបនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នេះជាសមិទ្ធផលថ្មីមួយទៀតសម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបដែលនៅឆ្នាំក្រោយនេះ និងបានឃើញផ្លូវស្អាត ជាពិសេសខេត្តសៀមរាបនេះនឹងត្រូវរៀបចំអង្គរសង្ក្រាន្តឡើងវិញបន្ទាប់ពីបញ្ហាកូវីដត្រូវបានបញ្ចប់នោះ។


ទាក់ទងទៅនឹងបញ្ហានៃជំងឺកូវីដ-១៩ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានហៅព្រឹត្តិការណ៍នៃការចម្លងមកភរិយាអគ្គនាយកពន្ធនាគារនេះ ថាជា "ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា" ។ សម្តេចតេជោបានអំពាវនាវអោយប្រជាពលរដ្ឋកម្ពុជាយើងទាំងអស់ត្រូវសាមគ្គីភាពគ្នា ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវី-១៩ទាំងអស់គ្នា ហើយពេលនេះគឺជាពេលដែលមិនមែនជាពេលដែលត្រូវចោតដាក់គ្នាទៅវិញទៅមកនោះទេ គឺមានតែការចូលរួមទប់ស្កាត់បង្ការការពារទាំងអស់គ្នាទេ។  


សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា កន្លងទៅនេះ កម្ពុជាយើងបានឆ្លងកាត់សមរភូមិ៣ក្នុងការទប់ស្កាត់នៃជំងឺកូវី-១៩នេះ ដែលសមរភូមិទី១ គឺការទប់ស្កាត់ការនាំចូលជំងឺពីក្រៅ  សមរភូមិទី២ គឺការបង្ការការពារការចូលសហគមន៍  និងសមរភូមិទី៣ គឺការព្យាបាលអ្នកដែលកើតអោយជាសះស្បើយ ដូច្នេះយើងត្រូវអនុវត្តតាមសមរភូមិនេះជាបន្តបន្ទាប់ទៀត។