ថ្ងៃទី18 ខែ05 ឆ្នាំ2121
ទំនាក់ទំនងការផ្សាយ +855 011855857/

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ
ថ្ងៃចេញផ្សាយ: 2020-08-15 12:10:02


នៅព្រឹកថ្ងៃសៅរ៍ ១១រោច ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ប្រារព្ធនៅសាលមហោរស្រព ស្ថិតនៅក្រុងក្រចេះ ខេត្តក្រចេះ។


ឯកឧត្តម វ៉ា ថន អភិបាលនៃគណអភិបាលខេត្តក្រចេះ បានធ្វើរបាយការណ៍ស្វាគមន៍ជូនសម្ដេច ព្រមទាំងអង្គពិធី ដោយបានគូសបញ្ជាក់អំពីទិដ្ឋភាពទូទៅ និងវឌ្ឍនភាពនៃវិស័យសំខាន់ៗក្នុងរដ្ឋបាលខេត្តក្រចេះ ដូចជាវិស័យកសិកម្ម, អប់រំ, សុខាភិបាល, កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ពិសេសការផ្ដល់សេវាធារណៈ និងការធ្វើវេទិកាសាធារណៈ, ការទប់ស្កាត់ការកាប់រុករានទន្ទ្រានដីព្រៃ និងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។


ឯកឧត្តមអភិបាលខេត្តបានបន្តថារដ្ឋបាលខេត្តក្រចេះ បានយកចិត្តទុកដាក់អនុវត្តយ៉ាងសកម្ម និងប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយបានអនុវត្តវិធានការផ្សព្វផ្សាយអប់រំ, ត្រួតពិនិត្យសុខភាពជូនប្រជាពលរដ្ឋឆ្លងកាត់ព្រំដែន និងវិលពីក្រៅប្រទេស, រៀបចំទីតាំង និងដាក់ឱ្យធ្វើចត្តាឡីស័ក, និងការអនុវត្តគោលនយោបាយឧបត្ថម្ភប្រាក់ជូនប្រជាពលរដ្ឋក្រីក្រក្នុងអំឡុងពេលវិបត្តិកូវីដ១៩។


ឯកឧត្តមបានសម្ដែងសេចក្ដីសង្ឃឹមជឿជាក់ថា តាមរយៈវត្តមានឯកឧត្តម ព្រំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រដ្ឋបាលខេត្តនឹងកាន់តែទទួលបានការជួយជ្រោមជ្រែងប្រកបដោយស្មារតីសាមគ្គីភាព ធ្វើឱ្យការងារគ្រប់វិស័យបន្តមានវឌ្ឍនភាព ពិសេសការជំរុញប្រសិទ្ធភាពនៃការងារអភិបាលកិច្ច ការផ្ដល់សេវាសាធារណៈ និងការដោះស្រាយកង្វល់ សំណូមពរ ព្រមទាំងបញ្ហាប្រឈមជូនប្រជាពលរដ្ឋ។


ឯកឧត្តម ព្រំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានសម្ដែងមោទនភាពចំពោះរាជរដ្ឋាភិបាលដែលបានផ្ដល់ជំនឿទុកចិត្តប្រគល់ភារកិច្ចជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តក្រចេះ។ ឯកឧត្តមក៏បានមើលឃើញច្បាស់ពីទំហំនៃការទទួលខុសត្រូវរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដូចប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្ដេចក្រឡាហោមថា«ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ពុំមានតួនាទី ឬសិទ្ធិសម្រេចកិច្ចការជំនួសក្រសួងស្ថាប័ននៅថ្នាក់ក្រោមជាតិឡើយ... ហើយក៏ពុំមានតួនាទីចាត់ចែងការងារជំនួសរដ្ឋបាល និងអាជ្ញាធរមានសមត្ថកិច្ចនៅថ្នាក់ក្រោមជាតិផងដែរ»។


ឯកឧត្តមប្រធានក្រុមការងារបានគូសបញ្ជាក់ថា ទន្ទឹមនឹងលទ្ធភាព ព្រមទាំងឱកាសនាពេលបច្ចប្បន្ននេះ ខេត្តក្រចេះនៅតែបន្តប្រឈមនឹងឧបសគ្គធំៗ មានជាអាទិ៍ បាតុភាពអសកម្មនៅមូលដ្ឋានពាក់ព័ន្ធនឹងទំនាស់ដីធ្លី, បញ្ហាព្រៃឈើ, បញ្ហាអាជីវកម្មរ៉ែ, និងបញ្ហាបរិស្ថាន ព្រមទាងគុណភាព និងប្រសិទ្ធិភាពនៃការផ្ដល់សេវាសាធារណៈបំរើជីវភាពប្រជាជននៅមូលដ្ឋាន។ ឯកឧត្តមបន្តថាបញ្ហានេះ បានជះឥទ្ធិពលដល់សាធារណៈមតិ និងបង្ករការថ្នាំងថ្នាក់ចំពោះប្រជាពលរដ្ឋ និងទាមទារការរួមគ្នាពុះពារដោះស្រាយឱ្យបានជាដាច់ខាត។


អញ្ជើញមានប្រសាសន៍ទៅកាន់អង្គពិធីនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានកោតសសើរឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស អតីតប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ព្រមទាំងក្រុមការងារគ្រប់លំដាប់ថ្នាក់ រដ្ឋបាលគ្រប់ជាន់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ មន្ទីរ អង្គភាពនានា ដែលបានរួមគ្នាប្រកបដោយស្មារីទទួលខុសត្រូវខ្ពស់ ក្នុងការថែរក្សាការពារសុខសន្តិភាព ស្ថេរភាពនិយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ។