ថ្ងៃទី27 ខែ02 ឆ្នាំ2121
ទំនាក់ទំនងការផ្សាយ +855 011855857/

ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមជាអធិបតីជាមួយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងកម្មវិធីវេទិការពិភាក្សាលើកកម្ពស់សមត្ថភាពយុវជន និងសហគ្រិន
ថ្ងៃចេញផ្សាយ: 2020-08-14 05:16:54


នៅសាលប្រជុំសាលាខេត្តស្វាយរៀង​ នាព្រឹកថ្ងៃសុក្រ ១០រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០​ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមជាអធិបតីជាមួយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងកម្មវិធីវេទិការពិភាក្សាលើកកម្ពស់សមត្ថភាពយុវជន និងសហគ្រិន ក្រោមប្រធានបទ ជំរុញសហគ្រិនវ័យក្មេងក្នុងវិស័យកសិកម្ម និងកសិឧស្សាហកម្ម។


អញ្ជើញចូលរួមឯកឧត្ដម លោកជំទាវ លោក លោកស្រីប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្ដមអភិបាលរងខេត្ត ឯកឧត្ដមប្រធាន និងថ្នាក់ដឹកនាំ នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង វាគ្មិនកិត្តិយសដែលអញ្ជើញមកពីក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកនាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត ប្រធានសភាពាណិជ្ជកម្មខេត្ត អភិបាលក្រុង ស្រុក សហគ្រិន សិប្បករ បងប្អូនកសិករគំរូ និស្សិត និងយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជា ប្រមាណ ៣០០នាក់ ។ 


មានប្រសាសន៍នៅក្នុងវេទិការនេះឯកឧត្តម ម៉ែន វិបុល អរអរគុណចំពោះឯកឧត្ដម ហ៊ុន ម៉ានី ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជាអញ្ជើញចូលរួមដោយផ្ទាល់នៅក្នុងវេទិកាដ៏មានសារៈសំខាន់នៅខេត្តស្វាយរៀងនាថ្ងៃនេះ ក្នុងនាមអាជ្ញាធរខេត្តសូមសម្ដែងនូវការគាំទ្រចំពោះ ប្រធានបទនៅថ្ងៃនេះ គឺពិតជា សមស្រប និងឆ្លើយតបទៅនឹងស្ថានភាពនៅក្នុងខេត្ត ដែលមានប្រជាពលរដ្ឋប្រមាណជា ៦១% ប្រកបមុខរបរកសិកម្ម និងជាខេត្តមួយដែលកំពុងមានសក្ដានុពលលើវិស័យកសិ-ឧស្សាហកម្ម ហើយ ប្រធានបទនេះ ក៏ស្របទៅនឹងស្ថានភាពបច្ចុប្បន្នដែលយើងទាំងអស់គ្នាត្រូវរួមគ្នាក្នុងការគិតគូរបង្វែរវិបត្តិកូវីដ១៩ទៅជាឱកាសក្នុងការបង្កើនសក្ដានុពលផ្នែកកសិកម្ម ។


ឯកឧត្តមបញ្ជាក់ថា ក្នុងនាមអាជ្ញាធរខេត្ត មានសេចក្ដីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា តាមរយៈវេទិកាដ៏មានសារៈសំខាន់របស់យើងនាថ្ងៃនេះ ដោយមានការចូលរួមជាវាគិ្មនពីគ្រប់សមាស ភាពពាក់ព័ន្ធទាំងមន្ត្រីជំនាញមកពីក្រសួង-ស្ថាប័នថ្នាក់ជាតិ រួមទាំងអ្នកប្រតិបត្តិផ្ទាល់ វេទិកាទាំងមូលនឹងទទួលបានទាំងចំណេះដឹងលើផ្នែកទ្រឹស្ដី និងបទពិសោធន៍ជោគជ័យដែលកើតចេញពីការអនុវត្តផ្ទាល់ ដើម្បីជាមូលដ្ឋានបំផុសនូវគំនិតក្នុងការចាប់យកឱកាសក្លាយទៅជាសហគ្រិនជោគជ័យទៅថ្ងៃអនាគត ជាពិសេសក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម និងសូមគាំទ្រនិងលើកទឹកចិត្តឲ្យយុវជនរបស់យើងទាំងអស់ក្លាហានតាមរយៈការចាប់ផ្ដើម ក្នុងការចាប់យកឱកាសវិនិយោគ។


ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហពន្ធយុវជនកម្ពុជា មានប្រសាសន៍ថា ដោយមើលឃើញ ពីការអភិវឌ្ឍន៍ សមិទ្ធផល និងសក្ដានុពលនានានៅក្នុងខេត្តស្វាយរៀង សហភាពសហព័ន្ធយុវជនកម្ពុជាបានសម្រេចជ្រើសរើសខេត្តស្វាយរៀង​ គឺជាខេត្តទី១ សម្រាប់ដកពិសោធន៍ក្នុងការរៀបចំវេទិកាពិភាក្សាលើកកម្ពស់សមត្ថភាពយុវជន និងសហគ្រិនភាពក្រោមប្រធានបទ «ការជំរុញសហគ្រិនភាពវ័យក្មេងក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម» នាពេលនេះក្នុងគោលបំណង ដើម្បីចែករំលែកបទពិសោធន៍ និងចំណេះដឹងថ្មីៗពាក់ព័ន្ធ ទៅលើឱកាសឈានទៅរកភាពជោគជ័យក្នុងអាជីវកម្មក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មទៅដល់យុវជន​ និងម្ចាស់អាជីវកម្ម ការបំផុសគំនិតក្នុងការចាប់យកឱកាសដើម្បីបង្កើត អាជីវកម្ម និងការអភិវឌ្ឍអាជីវកម្មក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ស្របតាមបរិបថ និងតម្រូវការទីផ្សារក្នុងស្រុក និងក្នុងតំបន់ ។